ទៅញ៉ាំនំប៉័ងសាច់ប៉ាតេរាល់ដង តិចអត់ស្គាល់ប៉ាតេជាសាច់មួយណា!
ហត់នឿយពីការងារ ឫការរកស៊ីលក់ដូរ តែងតែទៅរកអ្វីងាយស្រួលញ៉ាំដូចជានំប៉័ងសាច់ជាដើមមែនទេ? ថ្វីត្បិតតែងាយស្រួល ប៉ុន្ដែជ្រើសរើសកន្លែងញ៉ាំនំប៉័ងសាច់ប្រកបដោយផាសុកភាពមិនងាយស្រួលរកទេ។ FoodBuzz នឹងប្រាប់កន្លែងដែលញ៉ាំដោយមានផាសុកភាពទាំងការធ្វើ និងការវេចខ្ចប់។

នំប៉័ងសាច់សាមគ្គី ជាហាងនំប៉័ងសាច់ប៉ាតេដែលលក់ដាច់ជាងគេនៅម្ដុំផ្សារបឹងឈូក ព្រោះហាងនំប៉័ងនេះមិនត្រឹមតែធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្ដែត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ទៅលើអនាម័យសុខភាពទៀតផង។ ចាប់តាំងពីគ្រឿងផ្សំ រហូតដល់ជ្រក់ ម្ចាស់ហាងជាអ្នកធ្វើផ្ទាល់តែម្ដង។ សាច់ប៉ាតេ ដែលប្រិយមិត្តប្រហែលជាច្រលំនឹងសាច់ប្រហិតសរបន្ទះដាក់ក្នុងនំប៉័ង ដែលតាមពិតជាសាច់ចញ្រ្ចាំគ្រប់គ្នាតែងតែហៅ គឺត្រូវបានធ្វើពីថ្លើមជ្រូក និងថ្លើមមាន់សុទ្ធដោយម្ចាស់ហាងផ្ទាល់ដៃតែម្ដង។ មិនតែប៉ុណ្ណោះ ម៉ាយ៉ូណេស (Mayonnaise) ដែលត្រូវបាននិយមហៅថាប័រ ក៏ម្ចាស់ហាងធ្វើផ្ទាល់ដៃដែរ។ សម្រាប់ការជ្រើសរើសគ្រឿងផ្សំ ម្ចាស់ហាងជ្រើសរើសសាច់ បន្លែ និងគ្រឿងផ្សំដែលថ្មី ហើយស្រស់មកធ្វើជូនអតិថិជនរបស់ហាងនំប៉័ងសាមគ្គី។
ចំណែកឯការវេចខ្ចប់ ម្ចាស់ហាងជៀសវាងការប្រើប្រាស់ប្លាស្ទិចដែលប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា និងជ្រើសរើសនូវថង់ក្រដាស ប្រអប់ដាក់ជ្រក់ និងថង់ប្លាស្ទិចដែលធានាដល់សុខភាពរបស់អ្នកញ៉ាំ។ ជាពិសេសទៅទៀតនោះ ការរៀបចំទុកដាក់នំប៉័ង និងគ្រឿងផ្សំផ្សេងៗដោយមានអនាម័យក្នុងទូរ ក្របយ៉ាងជិតមិនឲ្យមានរុយរោមនោះទេ។ ចំណែកឯនំប៉ុងត្រូវបានដាក់កំដៅក្នុងឡក្នុងកំដៅ 100 អង្សាសេ រយះពេល 5 នាទីទើបអាចយកមកដាក់សាច់ និងគ្រឿងផ្សំផ្សេងៗជូនអតិថិជនបាន។ ក្រុមការងារ FoodBuzz ធានាថាញ៉ាំដល់គូទនំប៉័ង ស្រួយឆ្ងាញ់ មិនរឹងពិបាកញ៉ាំ។
បើប្រិយមិត្តចូលចិត្តញ៉ាំត្រីខរ ឬសាច់ផាឡូវ នៅទីនេះក៏អាចហៅបន្ថែមដាក់ក្នុងនំប៉័ងសាច់នេះផងដែរ។ ត្រីខរបន្ថែមក្លិននំប៉័ងឲ្យកាន់តែឈ្ងុយ ចំណែកឯផាឡូវបន្ថែមរសជាតិនំប៉័ងសាច់មួយដើមនេះ ឲ្យកាន់តែមានឱជារស។ ហើយបើចង់ដឹងថា នំប៉័ងសាច់សាមគ្គីឆ្ងាញ់ ហើយផាសុកភាពប៉ុណ្ណា ប្រិយមិត្តអាចមកសាកដោយផ្ទាល់បាន។ នំប៉័ងសាមគ្គីមានដល់ទៅ 3 សាខា៖ សាខាជិតផ្សារ Pencil ចាស់ សាខាស្ដាតអូឡាំពិច និងផ្សារឈូកមាស។
តម្លៃ៖ 8000 រៀលក្នុងមួយដើម
ទីកន្លែង៖ ផ្លូវឧកញ្ញាទ្រីហេង (2011) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ | Googlemap
