មុខម្ហូបខ្មែរសម្រាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅវត្ត
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពិធីប្រពៃណីមួយដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់រដូវកាលច្រូតកាត់ និងចាប់ផ្តើមឆ្នាំថ្មី។ នៅពេលព្រឹក ប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែរៀបចំចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃ ព្រោះពួកគេជឿថាការធ្វើបែបនេះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជីដូន ជីតា ញាតិសន្ដានមិត្តដែលបានចែកឋានទៅលោកខាងមុខ។ ដោយឡែកមុខម្ហូបដែលប្រជាជនខ្មែរតែងតែនិយមធ្វើចង្ហាន់ទៅរត្តមានដូចខាងក្រោមនេះ៖
១. នំបញ្ចុកខ្មែរ
នំបញ្ចុកគឺជាមុខម្ហូបប្រពៃណីរបស់ខ្មែរដែលធ្វើដោយដៃប្រជាកសិករផ្ទាល់តែម្ដង។ នំបញ្ចុកនេះគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក រួចគេយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗរោយវាទម្លាក់ទៅក្នុងទឹកក្ដៅពុះដើម្បីចំអិនសសៃម្សៅឲ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នុង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមសម្រាប់តាមការទទួលទានដោយមានលាយជាមួយអន្លួក និងបន្លែស្រស់ៗលាយជាមួយឲ្យកាន់តែមានរសជាតិឆ្ងាញ់បន្ថែមទៀត។
២. អាម៉ុកត្រី
អាម៉ុកជាម្ហូបប្រពៃណីខ្មែរដែលត្រូវបានគេចាត់ទុកជាមុខម្ហូបតំណាងជាតិមួយ។ វាធ្វើចេញពីសាច់ត្រីម៉ត់ហើយគេយកទៅចំហុយវាឲ្យបានឆ្អិនល្អ។ ដើម្បីរៀបចំម្ហូបនោះ គេប្រឡាក់ជាមួយម្សៅល្មៀតលឿង ដែលលាយផ្សំពីគ្រឿងទេស ហើយបន្ថែមជាមួយខ្ទិះដូង ឬស៊ុត រួចគេយកទៅដាក់ចំហុយជាមួយស្លឹកចេក។ មុខម្ហូបមួយនេះពេញខ្លាំងសម្រាប់ធ្វើយកទៅវត្តរបស់ប្រជាជនកម្ពុជា។
៣. ខសាច់ជ្រូក
ម្ហូបមួយនេះមានប្រជាប្រិយភាពជាខ្លាំងក្នុងចំណោមប្រជាជនកម្ពុជាដោយវាមានភាពងាយស្រួលក្នុងការធ្វើ។ ម្ហូបនេះមានគ្រឿងផ្សំសំខាន់ក្នុងការចម្អិនឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ ដែលមានស្ករត្នោតជាគ្រឿងផ្សំចម្បង ហើយក៏គេអាចបន្ថែមនូវពងមាន់ ឬពងទា តៅហ៊ូ និងទំពាំងតាមចំណង់ចំណូលចិត្ត។
៤. នំអន្សម
នំអន្សម ជានំដែលមានសារៈសំខាន់ណាស់ក្នុងវប្បធម៌ប្រពៃណីខ្មែរ។ វាធ្វើពីអង្ករដំណើបដែលមានស្នូលពោរពេញទៅដោយសណ្ដែក ចេក ខ្នុរ និងសាច់ជ្រូក រួចរុំជាមួយស្លឹកចេក។ នៅពេលដែលមានពិធីបុណ្យជាតិម្ដងៗ ស្ទើរតែគ្រប់ក្រុមគ្រួសារតែងតែ ចំណាយពេលធ្វើនំអន្សម សម្រាប់ប្រគេនព្រះសង្ឃនៅតាមវត្តអារាម ឬទទួលទានជាមួយក្រុមគ្រួសារ។ មួយវិញទៀត នំអន្សមនេះទទួលបានកំណត់ត្រា Guinness ពិភពលោកចំពោះការធ្វើអន្សមធំជាងគេ និងមានមេចុងភៅខ្មែរដល់ទៅមួយរយនាក់ ចំណាយរយៈពេល ២ ថ្ងៃក្នុងការធ្វើនំអន្សមនោះ។