ចង់តាមទាន់ Food Trend នៅជុំវិញពិភពលោក? តោះ មកទស្សនានៅលើ យូធ្យូប ឆានែល ទាំង 10 នេះ

ដោយសារស្ថានភាពបច្ចុប្បន្ន ពួកយើងកំពុងតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមរួចស្រេចសម្រាប់ធ្វើចត្ដឡីស័ក (Self-Quarantine)។ តែអ្នកចូលចិត្តញ៉ាំនេះ ធ្វើម៉េចទៅ រាល់ដងបានជួបជុំមិត្តភក្ដិហៅទៅញ៉ាំនេះ ញ៉ាំនោះ ដល់ឥឡូវទៅណាអត់កើតទៀត។ ចេញក្រៅអត់ញ៉ាំអត់បាន ក៏អាចទស្សនាកម្មវិធីអាហារទាំង 10 នៅលើគេហទំព័រ Youtube នេះបានដែរ។

Image: Social Ketchup

ទាំងលឿន ហើយងាយស្រួលមើល នៅផ្ទះប៉ុណ្ណេះលែងធុញហើយ!

#1 Tasty

Tasty មានចំនួនអ្នក Subscribe រហូតដល់ទៅ 17.6 លាននាក់។ កម្មវិធីលើ Youtube មួយនេះបានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ទៅលើការចម្អិននៅក្នុងចង្រ្កានបាយរបស់ពួកគេ ក៏ដូចជាការណែនាំអ្នកនូវរបស់ឆ្ងាញ់ៗជាច្រើនចាប់ពីអាហារអាស៊ី ដល់អាហារលោកខាងលិច និងចាប់ពីអាហារពេលព្រឹក រហូតដល់ល្ងាច។

កម្មវិធីលើ Youtube ដែលឈានមុខគេមួយមានបង្ហាញនូវរបៀបធ្វើអាហារជាច្រើនប្រភេទ ដែលជាជំនួយទៅដល់ការចម្អិនអាហាររបស់អ្នកស្រឡាញ់អាហារទាំងអស់នៅជុំវិញពិភពលោក។

#2 BuzzFeedVideo

អ្វីទៅដែលធ្វើឲ្យពួកយើងស្រឡាញ់ BuzzFeedVideo? នោះគឺ Worth it ដែលជាកម្មវិធីដ៏សំខានរបស់ BuzzFeedVideo ដោយមានការប្រៀបធៀបរវាងប្រភេទអាហារដូចគ្នាតែទៅតាមតារាងតម្លៃរបស់អាហារមួយចានៗ ដូចជាការប្រៀបធៀបរវាងស្ទេកថ្លៃ ទៅនឹងស្ទេកតម្លៃសមរម្យ ថាតើវាមានរសជាតិ ឬ គុណភាពខុសគ្នាយ៉ាងណា ដែលការប្រៀបធៀប​នេះនឹងត្រូវបកស្រាយដោយ Steven និង Andrew។

BuzzFeedVideo ក៏បង្ហាញពីអាហារតាមទាន់សម័យកាល (Trend food) និងការឲ្យជាមតិទៅលើអាហារទាំងនោះផងដែរ។

#3 Liziqi

សំណព្វចិត្តរបស់អ្នកសរសេរនេះតែម្ដង! Liziqi ជាឈ្មោះរបស់កម្មវិធីលើ Youtube ក៏ដូចជាឈ្មោះអ្នកបង្កើត ធ្វើ និងបង្ហាញខ្លួនក្នុងវីដេអូនីមួយៗលើកម្មវិធីនេះផងដែរ។ Liziqi ធ្លាប់រស់នៅក្នុងទីក្រុង តែក៏បានត្រលប់មកស្រុកកំណើតនៅស៊ីឈ័ន ប្រទេសចិនដើម្បីមើលថែលោកយាយរបស់ខ្លួន។

តែការវិលត្រលប់ធ្វើឲ្យនាងក្លាយជាអ្នកមានម្នាក់ដោយនាងធ្វើជាវីដេអូបង្ហាញពីជីវិតរស់នៅព្រៃភ្នំរបស់នាង ដែលអ្វីៗទាំងអស់ត្រូវធ្វើដោយដៃ ដំណាំត្រូវដាំ និងប្រមូលផលដោយខ្លួនឯង ថែមទាំងកែច្នៃបន្លែ ផ្លែឈើដែលនាងដាំទៅជាអាហារជាច្រើនប្រភេទ។ ជឿក្រុមការងារ ​FoodBuzz ថាមើលហើយដឹងតែចង់ទៅរស់នៅលើភ្នំ ធ្វើស្រែចំការតែឯងមិនខាន!

#4 Food Insider

ចង់ដឹងថាមានរឿងអ្វីកើតឡើងទៅលើអាហារជុំវិញពិភពលោកអត់? ចុចលើ Food Insider លើ Youtube នេះមកអ៊ីចឹង។ ពួកគេនឹងណែនាំអ្នកពីអាហារនៅជុំវិញលោកជាច្រើនប្រភេទ ជាពិសេសអាហារលក្ខណៈប្លែកៗខុសពីធម្មតា។ Food Insider មានបង្ហាញពីអាហារ បង្អែមថ្មីៗតាមទាន់សម័យកាល ការឲ្យមតិយោបល់ទៅអាហារតាមភោជនីយដ្ឋាន ក៏ដូចជារបៀបចម្អិនអាហារស្រួលៗ អ៊ីចឹងដឹងតែកូរពោះពេលមើលមិនខាន។

#5 Eater

ធ្វើម៉េចដឹងពីរូបមន្ដធ្វើពិសេសៗពីចុងភៅល្បីៗ? Eater ជាកន្លែងដែលគួរតែចូលមើល ព្រោះកម្មវិធីលើ YouTube នេះបង្ហាញការពីចម្អិនអាហារពីចុងភៅល្បីជាច្រើនរូប និងជាកន្លែងដែលអាចដឹងពីការពិតក្នុងចង្ក្រានបាយពីវិធីចម្អិន និងរៀបចំអាហាររបស់ភោជនីយដ្ឋាននីមួយៗ។ ថែមទាំងអ្នកអាចដឹងនូវចំណុចពិសេសពីការបើកដំណើរការភោជនីយដ្ឋានរបស់មេចុងភៅជាច្រើនរូបផងដែរ។ មើលដាច់យប់តែម្ដងម៉ោះ ព្រោះច្រើនភាគនោះអី!

#6 Best Ever Food Review Show

Best Ever Food Review Show ត្រូវបានបង្កើតឡើងដោយ Sonny Side។ គាត់ធ្វើដំណើរជុំវិញពិភពលោកដើម្បីរុករកអាហារដ៏ពិសេសប្លែកនៅប្រទេសនីមួយៗសម្រាប់ណែនាំដំណើរសាច់រឿងរបស់អាហារទាំងនោះជូនលោកអ្នកតាមវីដេអូរបស់គាត់។ តោះ មកស្វែងយល់ពីអាហារប្លែកៗពីគ្រប់ទិសទីទាំងនេះជាមួយ Sonny Side។

#7 Ms Yeah

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ Ms Yeah នេះមិនខាន ព្រោះតែល្បីខ្លាំងដោយសារការចម្អិនអាហារនៅតុធ្វើការក្នុងគ្រប់វីដេអូរបស់នាង។ ថ្វីត្បិតតែនាងមានរឿងអាស្រូវដោយសារមានការត្រាប់តាមការចម្អិនរបស់នាង រួចកើតមានគ្រោះថ្នាក់ក៏ដោយ ក៏នាងនៅតែមានការគាំទ្រយ៉ាងច្រើនដដែល ដោយសារតែគំនិតច្នៃប្រឌិតដ៏ល្អរបស់នាង។ សប្បាយមើល តែជៀសវាងការធ្វើត្រាប់តាមណា៎!

#8 Travel Thirsty

បើចង់ស្គាល់អាហារតាមផ្លូវពីគ្រប់ទិសទីជុំវិញពិភពលោកវិញ កុំរំលង Travel Thirsty ឲ្យសោះ។ តាមដាន Travel Thirsty បើចង់ផ្សងដំណើររុករកអាហារតាមផ្លូវជាមួយពួកគេជាមួយនឹងទេសភាពទីក្រុងជនបទដ៏ស្រស់ស្អាត ថែមទាំងមានអាហារឆ្ងាញ់ៗទៀត។ ជាពិសេស ប្រសិនបើអ្នកចូលចិត្តទស្សនាការធ្វើ និងចម្អិនសត្វសមុទ្រប្លែកៗជុំវិញពិភពលោក កុំរំលង Travel Thirsty!

#9 Good Mythical Morning

Rhett និង Link នឹងនាំអ្នកទៅញ៉ាំអាហារចម្លែកៗដែលអ្នកនឹកស្មានមិនដល់ ថែមទាំងណែនាំអ្នកនូវអាហារ និងសម្ភារៈតាមទាន់សម័យកាលទៀតផង។ អ្នកទាំង 2 នឹងធ្វើឲ្យអ្នកផ្ទុះសំណើចជាមួយនឹងការបកស្រាយ ការលេងហ្គេមសប្បាយៗជាមួយនឹងតារាកិតិ្ដយសមួយចំនួនទៀតផង។ ចង់មើលអីសប្បាយៗ និងតាមទាន់សម័យ កុំភ្លេចចុចមើល Good Mythical Morning!

#10 GONGSAM TABLE

កម្មវិធីចុងក្រោយនេះប្លែកបន្ដិចត្រង់ថា GONGSAM TABLE ជាកម្មវិធីពីម្ហូបកូរ៉េ និងការញ៉ាំអាហារចំណុះច្រើនមុខកាមេរ៉ា។ តែ GONGSAM មិនត្រឹមតែញ៉ាំទេ មានទាំងរបៀបចម្អិនអាហារកូរ៉េឲ្យទស្សនាទៀតផង។ ម្ហូបកូរ៉េឆ្ងាញ់ៗហើយ ញ៉ាំឲ្យមើលចឹងដឹងតែលេបទឹកមាត់ ចង់ធ្វើញ៉ាំដែរមិនខាន! 

អត្ថបទគួរតែអានបន្ទាប់