ជូរហឹរៗ ចាប់មាត់ជាមួយផាត់ថៃទាំង 9 កន្លែងក្នុងរាជធានីភ្នំពេញ
ប្រិយមិត្តទាំងអស់គ្នាដែលចូលចិត្តម្ហូបថៃប្រហែលជាស្គាល់ម្ហូប ថៃភាគច្រើនដូចជា បុកល្ហុង តុងយ៉ាំ សម្លខ្ទិះគ្រឿងខៀវ ... ប៉ុន្តែមុខម្ហូបថៃមួយប្រភេទទៀតដែលល្បី ហើយក៏ជាម្ហូបប្រចាំស្រុកនៅប្រទេសថៃដែរនោះគឺ ផាត់ថៃ ដែលធ្លាប់លឺជារឿយៗហើយនោះអី។ ផាត់ថៃ ជាប្រភេទគុយទាវឆា មានប្រភពមកពីប្រទេសថៃ ល្បីនឹងរសជាតិឆ្ងាញ់ ជាពិសេសសម្រាប់អ្នកចូលចិត្តញ៉ាំជូរហឹរ ប្រាកដជាពេញចិត្តនឹងរសជាតិផាត់ថៃដែលអាចបន្ថែមគ្រឿងបានខ្លួនឯងជាមួយក្រូចឆ្មារ និងម្ទេសទៀតតែម្ដង។ ចង់ដឹងថាញ៉ាំនៅណាឆ្ងាញ់ FoodBuzz ណែនាំឲ្យមកសាកនៅហាងទាំងនេះបាន។

#1 ភោជនីយដ្ឋាន De Map
ភោជនីយដ្ឋាន De Map នេះត្រូវបានណែនាំដោយស្ថានទូតប្រទេសថៃផ្ទាល់តែម្ដង ដោយមានប្រភពមកពីខេត្តចាន់បុរី ដែលមានលក់នូវម្ហូបថៃចំៗ និងមានផ្ដល់នូវម្ហូបថៃជាច្រើនប្រភេទ។ ផាត់ថៃនៅទីនេះត្រូវបានណែនាំឲ្យញ៉ាំបែបហឹរ ប៉ុន្តែបើសិនជាមិនចេះញ៉ាំហឹរ ក៏អាចឆ្ងាញ់មាត់ជាមួយផាត់ថៃរសជាតិមិនសូវហឹរបានដែរ។

ទីតាំង៖ ផ្ទះលេខ 42 ផ្លូវ 310 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
តម្លៃ៖ 3$ សម្រាប់ផាត់ថៃ
#2 Black Canyon Cambodia
ហាង Black Canyon Cambodia ជាហាងដែលមានលក់នៅអាហារថៃជាច្រើនប្រភេទ។ ជាពិសេសទៅទៀត ផាត់ថៃនៅទីនេះបានជាប់ពានរង្វាន់ពិភពលោកទៀតផង។ក្រៅពីផាត់ថៃប្រភេទគុយទាវធម្មតាហើយនៅទីនេះ ក៏មានផាត់ថៃមីសួផងដែរ។

ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Black Canyon Cambodia
តម្លៃ៖ 4.5$ ក្នុងមួយមុខ
#3 S&P Cambodia
ហាងម្ហូបថៃមួយនេះមានបម្រើជូននូវមុខម្ហូបបែបថៃចំតួតែម្ដង ហើយក៏មានម្ហូបអាហារបែបបស្ចឹមប្រទេសផ្សេងទៀតផងដែរ។ បើមានម្ហូបថៃ មិនអាចខ្វះផាត់ថៃ អាហារល្បីប្រចាំប្រទេសថៃបាននោះទេ ដូច្នេះទើប S&P Cambodia ក៏មានបម្រើជូនមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយមុខនេះ។ តែកុំភ្លេចហៅនូវតែថៃ (Thai Tea) បើទៅដល់ហាងនេះ ព្រោះវាជាសំណព្វចិត្តរបស់ក្រុមការងារ FoodBuzz ទៅលើកណាក៏មិនដែលខានដែរ។


ទីតាំង៖ នៅគ្រប់សាខាទាំងអស់របស់ S&P Cambodia
តម្លៃ៖ 5.5$ ក្នុងមួយចាន
#4 និដា Bar/Restaurant
ហាង និដា Bar/Restaurant ជាហាងម្ហូបថៃមួយប្រភេទទៀតដែលមានម្ហូបថៃច្រើនប្រភេទ ព្រមទាំងបរិយាកាសដ៏រ៉ូមែនទិចសាកសមក្នុងការទទួលទានជាលក្ខណៈកម្មវិធី គ្រួសារ ឬ ការណាត់ជួបផ្សេងៗ។ បន្ថែមពីនេះទៀត ម្ហូបអាហារក្នុងហាងនេះ ចម្អិនដោយចុងភៅថៃមានជំនាញខាងម្ហូបថៃផងដែរ។

ទីតាំង៖ នៅគ្រប់សាខាទាំងអស់របស់ និដា Bar/Restaurant
#5 MA MA Thai Restaurant
គ្រាន់តែលឺឈ្មោះក៏ដឹងថាហាងលក់អីបាត់ទៅហើយ។ ក្រៅពីមានលក់នៅម្ហូបថៃជាច្រើនមុខហើយ ផាត់ថៃនៅហាងនេះមិនមែនមានត្រឹមតែ ផាត់ថៃគ្រឿងសមុទ្រនោះទេ តែមានទាំងសាច់ជ្រូក មាន់ និងគោទៀតផង។ បរិយាកាសក្នុងហាងក៏តុបតែងបានស្អាត របៀបបុរាណ សាកសមនឹងការទទួលទានអាហារយ៉ាងស្រស់ស្រាយ។


ទីតាំង៖ ផ្ទះលេខ 19 ផ្លូវ 352 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
តម្លៃ៖5.5$ ក្នុងមួយចាន
#6 De Boat Cambodia
ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានស្គាល់ហាងនេះរួចមកហើយ។ បើនិយាយពីមុខម្ហូបនៅហាងនេះវិញគឺថាច្រើន ហើយប្លែកៗទៀតដូចជា មីយិនតាហ្វូជាដើម។ ក្រៅពីនេះនៅមានបង្អែមផ្សេងៗទៀតផង។ ផាត់ថៃនៅទីនេះមានលក្ខណៈប្លែកដោយមានបន្ថែមតៅហ៊ូក្នុងមុខម្ហូបមួយមុខនេះ។

ទីតាំង៖ នៅគ្រប់សាខាទាំងអស់របស់ De Boat
តម្លៃ៖ 4$ ក្នុងមួយចាន
#7 Pad Thai Kong
គ្រាន់តែឮឈ្មោះក៏ដឹងថាហាងនេះជំនាញមុខម្ហូបអ្វីដែរ ប៉ុន្តែក្រៅពីផាត់ថៃហើយក៏នៅមានប្រភេទអាហារសម្រន់ជាច្រើនមុខផ្សេងទៀតដែរ។ កាន់តែពិសេសនោះផាត់ថៃនៅទីនេះមានតម្លៃសមរម្យផងដែរ។

ទីតាំង៖ ផ្ទះលេខ 2 ផ្លូវ 187 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap #2, St 187, Sangkat Tomnup Teuk, Khan Chamkamon | Googlemap
តម្លៃ៖ 8500៛ ក្នុង មួយចាន
#8 Lemongrass Restaurant
ភោជនីយដ្ឋាននេះបម្រើនៅម្ហូបថៃ-ខ្មែរក្នុងតម្លៃសមរម្យ។ ការតុបតែងក្នុងហាងមានភាពស្រស់ស្អាតបែបប្រពៃណី ចំណែកឯ ម្ហូបនីមួយៗត្រូវបានតុបតែងបែបបុរាណ ដូចជាដាក់ក្នុងក្អមជាដើម។ ផាត់ថៃក៏ជាទីចាប់អារម្មណ៌របស់ហាងផ្ទាល់ផងដែរ។

ទីតាំង៖ ផ្ទះលេខ 14 ផ្លូវ 130 ចំងាយ 50 ម៉ែត្រពីតីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ | Googlemap
តម្លៃ៖ 4.5$ ក្នុងមួយចាន
#9 De Tummour Cambodia
ភោជនីយដ្ឋានមួយនេះក៏ស្រដៀងនឹងភោជនីយដ្ឋានផ្សេងៗទៀតដែរ។ ម្ហូបថៃជាច្រើនមុខ និង បង្អែមបែបថៃដ៏ឈ្ងុយឆ្ងាញ់ ដែលអាចឲ្យប្រិយមិត្តរើសបានតាមចិត្ត។ តែផាត់ថៃនៅទីនេះ ខុសប្លែកពីផាត់ថៃនៅហាងដទៃបន្ដិច ត្រង់ថាផាត់ថៃត្រូវបានរុំពងទាពីខាងក្រៅ មើលទៅប្លែកភ្នែក ហើយឡើងទំនង!

ទីតាំង៖ ជាន់ទី 1 ក្នុង The Heritage Walk ក្រុងសៀមរាប | Googlemap