អផ្សុកនៅផ្ទះ មកមើលកម្មវិធីអំពីម្ហូបអាហារទាំង 10 នៅ Netflix លេងៗអត់?

អាហារក្រៅពីសម្រាប់ញ៉ាំ មានដឹងថាមានអ្វីផ្សេងទៀតដែលគួរតែស្វែងយល់ពីវាអត់? ដើម្បីបង្កើនចំណេះដឹងនៃអាហារ ជាធម្មតាអ្នកទៅរៀននៅសាលាបង្រៀនធ្វើម្ហូប ឬក៏ទទួលយកចំណេះទូទៅពីការទស្សនាកម្មវិធីធ្វើម្ហូប ឬភ្លក្សម្ហូបនានា។ អត់បាច់ទៅសាលាទេអ៊ីចឹង ថ្ងៃនេះ FoodBuzz បានប្រមូលផ្ដុំកម្មវិធីអាហារនៅលើ Netflix ចំនួន 10 សម្រាប់ប្រិយមិត្តគ្រប់រូបទស្សនានៅគេហដ្ឋានកំសាន្ដអារម្មណ៍។

#1 Chef’s Table

ជាមួយការបង្ហាញជូនរហូតដល់ 6 រដូវកាល Chef’s Table នាំទស្សនិកជនទៅកាន់តុបាយរបស់ចុងភៅចំណានបំផុតលើពិភពលោក​ ចាប់តាំងពីម្ហូបដ៏ប្រណិតៗដែលទទួលបានពានរង្ចាន់ Michelin Star ទៅដល់ចង្ក្រានបាយតូចៗក្នុងភូមិដាច់ស្រយាល និងមុខម្ហូបព្រៃរបស់ជនជាតិភាគតិចដែលរស់នៅក្នុងព្រៃអាម៉ាហ្សូនទៀតផង។ ក្នុងមួយវគ្គៗ ទស្សនិកជន និងបានជួបជាមួយចុងភៅជាច្រើនរូបដែលមានវប្បធម៌ផ្សេងៗគ្នា និងបង្ហាញយ៉ាងជាក់ច្បាស់ថាការធ្វើម្ហូបជាសិល្បៈមិនអាចកាត់ថ្លៃបាន។

Image: Netflix

ក្រុមការងារ FoodBuzz យើងណែនាំឱ្យប្រិយមិត្តទស្សនា Chef’s Table ជាពិសេសតែម្ដង ហើយជាកម្មវិធីដែលសមនឹងលើកយកមកនិយាយមុនគេ។

#2 Sugar Rush

មើលតែឈ្មោះកម្មវិធីក៏ដឹងដែរ ថាប្រាកដជាមានរបស់ផ្អែមៗមិនខាន។ ប្រិយមិត្តចូលចិត្តញ៉ាំផ្អែម ច្បាស់ជាចូលចិត្តកម្មវិធី Sugar Rush នេះ។ នេះគឺជាកម្មវិធីប្រកួតប្រជែងរវាង 4 ក្រុម ដែលក្រុមនីមួយៗតម្រូវឱ្យធ្វើប្រភេទនំ ដូចជា នំCupcake បង្អែម និងនំខេក។ គណៈកម្មការដាក់ពិន្ទុផ្អែកទៅលើរសជាតិ និងការតុបតែងប្រកបដោយភាពទាក់ទាញ ឃើញហើយគួរឱ្យចង់ទទួលទានរបស់ប្រភេទនំបង្អែមនីមួយៗ។ សម្រាប់ជ័យលាភីនៃការប្រកួតប្រជែងនេះ នឹងត្រូវឈ្នះទឹកប្រាក់សុទ្ធចំនួន 10,000 ដុល្លារ។

Image: Netflix

Image: Netflix

#3 Breakfast, Lunch & Dinner

អ្វីដែលទាក់ទាញជាងគេរបស់កម្មវិធី Breakfast, Lunch & Dinner នេះ ច្បាស់ជាពេលឃើញថាមានមកថតនៅស្រុកខ្មែរហ្នឹងតែម្ដង។ ប្រទេសខ្លួនឯង អ្នកមិនគាំទ្រណោះ? កម្មវិធីនេះ ប្រាប់បីដំណើរនៃការភ្លក្សអាហារ និងវប្បធម៌នៃការទទួលទានទៅតាមប្រទេសនីមួយដែលពួកគេបានចុះទៅកំសាន្ដ និងថតដែលមានដូចជា ម៉ូរ៉ុកកូ អាមេរិក និងកាណាដា។ ចុងភៅលំដាប់ពិភពលោក David Chang រួមជាមួយតារាល្បីៗដូចជា Chrissy Teigen និង Kate McKinnon នឹងទៅភ្លក់មុខម្ហូបតំណាងឱ្យប្រទេសនិមួយៗគ្រប់មុខ។

Image: Netflix

#4 The Final Table

ចង់ទស្សនាការធ្វើមុខម្ហូបពិសេសៗតំណាងឱ្យប្រទេសនីមួយៗជុំវិញពិភពលោកដែរទេ? តើដំណាក់កាលនៃការចម្អិន និងការប្រកួតប្រជែងស្វិតស្វាញកម្រិតណា? ក្នុងចំណោមចុងភៅទាំង 24 នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលអាចក្លាយទៅជាជ័យលាភីសម្រេចក្តីស្រម៉ៃក្លាយជាចុងភៅឯកទទួលស្គាល់ជុំវិញពិភពលោក។

Image: Netflix

#5 Salt, Fat, Acid, Heat

ដើម្បីក្លាយទៅជាកំពូលអ្នកភ្លក្សម្ហូបអាហារ កម្មវិធីនេះនឹងបង្ហាញពីគ្រឿងផ្សំសំខាន់ៗនៃមុខម្ហូបនីមួយៗថា តើម្ហូបអាហារប្រភេទណាដែលមានរសជាតិឆ្ងាញ់ពិតប្រាកដ? អ្នកជំនាញខាងម្ហូបអាហារពីទស្សនាវដ្តី New York’s Times Magazine និងដៃគូរបស់នាងនឹងនាំលោកអ្នកកម្សាន្តជុំវិញពិភពលោកជាមួយអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់។ 

Image: Netflix

#6 Nailed It

ប្រសិនបើអ្នកមើលកម្មវិធីប្រកួតប្រជែងធ្វើម្ហូបជាប្រចាំ នោះនិងដឹងច្បាស់ថា ការុបតែងម្ហូបអាហារពិតជាពិបាក។ កម្មវិធីនេះនឹងបង្ហាញអ្នកអំពីការរចនាម្ហូបទៅកាន់កម្រិតកំពូល។ វគ្គនីមួយៗមើលឃើញថា អ្នកដុតនំព្យាយាមយកម៉ឺនុយដ៏លំបាកបំផុតមកសាកល្បង។ ចង់ដឹងថាតើកម្មវិធីនឹងមានភាពតានតឹង ឬ សប្បាយប៉ុណ្ណា ត្រូវតែទស្សនាខ្លួនឯងផ្ទាល់ហើយណា៎!

Image: Netflix

#7 Street Food

ប្រសិនបើអ្នកចង់ស្វែងយល់ពីវប្បធម៌នៃអាហារនៅតាមដងផ្លូវនៅតាមបណ្ដាប្រទេសស្រស់បំព្រងជាច្រើនជុំវិញពិភពលោកឲ្យបានកាន់តែជាក់ច្បាស់ មុននឹងរៀបគម្រោងដំណើរកំសាន្ដ អ្នកអាចតាមដានទស្សនាកម្មវិធីអាហារតាមដងផ្លូវ Street Food នេះបាន។ ថ្មីត្បិតតែកម្មវិធីនេះមិនផ្ដោចសំខាន់ទៅសិល្បៈដ៏ប្រណិតនៃអាហារ តែកម្មវិធីនេះផ្ដោចសំខាន់ទៅលើទំនាក់ទំនងរវាងអាហារ និងដំណើរជីវិតដ៏កំសត់របស់មេចុងភៅដែលបង្កើតអាហារដ៏អស្ចារ្យទាំងនោះ។ គ្រាន់តែអាហាររបស់ពួកគាត់ពិសេសណាស់ទៅហើយ ចុះមានអ្វីកើតឡើងកំឡុងពេលចាប់ផ្ដើមមុខជំនួញ និងបង្កើតមុខម្ហូបដែលត្រូវបានទទួលស្គាល់ដោយ Michelin Star?

Image: Netflix

Image: Netflix

#8 Ugly Delicious

Ugly Delicious គឺជាដំណើរភ្លក្សអាហាររបស់មេចុងភៅដ៏ចំណាន តែរឹងរួស លោក David Chang ដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកគ្រប់គ្រងអាណាចក្រ Momofuku។ David Chang ស្អប់បំផុតអ្នកថាគាត់នឹងគ្មានថ្ងៃត្រូវចិត្តអាហារណាមួយឡើយក្នុងលោកនេះ ជាហេតុដែលធ្វើឲ្យមានកម្មវិធី Ugly Delicious នេះព្រោះវាត្រូវបានធ្វើឡើងដោយសារមេចុងភៅនេះយកឈ្នះអ្វីដែលគេថាឲ្យគាត់ ដោយប្រកាន់ខ្ជាប់នូវឃ្លា “កុំចេះដឹងរឿងខ្ញុំថាខ្ញុំចេះញ៉ាំ ឬក៏អត់”។ មិនតែប៉ុណ្ណោះ កម្មវិធីនេះបង្ហាញនូវភាពចង់ដឹងចង់ស្គាល់ពីការចម្អិនអាហារ និងហេតុអ្វីបានពួកយើងចូលចិត្ត ឬ មិនចូលចិត្ត។

Image: Netflix

 

Image: Netflix

 

David ធ្វើដំណើរសឹងតែជុំវិញពិភពលោកដើម្បីភ្លក្សអាហារពីតំបន់ផ្សេងៗគ្នា ដូច្នេះប្រសិនបើអ្នកចង់ដឹងថាកម្មវិធីនេះនឹងនាំអ្នកទៅដល់ណាខ្លះ កុំភ្លេចចូលទស្សនា Ugly Delicious នៅលើ Netflix ទាំងអស់គ្នា។

#9 Festive Foods

Festive Foods ចេញតាំងឆ្នាំ 2017 នៅលើ Netflix តែកម្មវិធីនេះនៅតែមានការគាំទ្រយ៉ាងច្រើន។ វាបង្ហាញអ្នកពីអត្ថន័យរបស់អាហារដែលធ្លាប់តែឃើញនៅក្នុងពិធីបុណ្យរបស់ជនជាតិម៉ាឡេស៊ីនានា។ ចង់ដឹងថាអ្វីទៅ​ជាអាហារសម្រាប់ពិធីបុណ្យជនជាតិម៉ាឡេ ឬធ្វើដោយរបៀបណា កុំរំលង Festive Foods ណា៎!

Caption

Image: Netflix

#10 Flavorful Origins

ប្រសិនបើអ្នកចូលចិត្តម្ហូបចិន Flavorful Origins ត្រូវដាក់ចូលក្នុងបញ្ជីទុកមើលដាច់ខាតតែម្ដង។ Flavorful Origins គឺជាកម្មវិធីម្ហូបអាហារដែលប្រិយមិត្តអាចរៀនពីអាហារចិនពីស្រុក Chaonan និង Yunnan។ ម៉ឺនុយដែលអ្នកមិនធ្លាប់ដឹងពីមុន ត្រូវបានបង្ហាញក្នុងកម្មវិធីនេះ។ អ៊ីចឹងចាំអីទៀត ត្រៀមផបខន កំដរមាត់ពេលមើលកម្មវិធី។​

Caption

Image: Netflix

ម៉េចដែរ? ចង់មើលមួយណាមុន? មើលហើយកុំភ្លេចប្រាប់ក្រុមការងារ Foodbuzz វិញផងណា!

អត្ថបទគួរតែអានបន្ទាប់