តារានី សាច់អាំង II៖ ហាងសាច់អាំងធ្យូងបែបខ្មែរ រសជាតិពិសេសប្លែក និងជាសំណព្វចិត្តអ្នកសៀមរាប

គ្រាន់តែឃើញឈ្មោះហាងក៏ដឹងទៅហើយថារសជាតិឆ្ងាញ់ជាប់ចិត្តនោះ ព្រោះថាបើមិនចងបេះដូងអ្នកសៀមរាបបានទេ មិនអាចល្បីអតិថិជនណែនៗសឹងតែអត់កន្លែងអង្គុយរាល់ល្ងាចនោះទេ ត្រូវអត់ប្រិយមិត្ត?

តារានី សាច់អាំង II មានបម្រើជាសាច់អាំងបែបខ្មែរ រសជាតិឆ្ងាញ់ ក្នុងតម្លៃយ៉ាងសមរម្យដែលជាមូលហេតុធ្វើឲ្យហាងនេះទទួលបានការពេញនិយមនិងល្បីតៗគ្នា។ នៅទីនេះ សំរាប់ផ្នែកសាច់គឺមាន 12 មុខដូចជា សាច់គោជាប់ខ្លាញ់ ក្រលៀន បេះដូង សាច់ជ្រូកបីជាន់ ពោះវៀនតាន់ កន្សោមដោះ បង្គា មឹក ព្រុយត្រីសាល់ម៉ុន ងៀវ ជើងទា និងស្លាបមាន់ដែលសុទ្ធតែមានតម្លៃដូចគ្នាទាំងអស់គឺ 10,000៛ សំរាប់ចានតូច និង 20,000៛ សំរាប់ចានធំ។ កុម៉្មង់ក៏ស្រួល គិតលុយក៏អត់ពិបាក តម្លៃដូចគ្នាចឹងទាំងអស់នោះ!

ក្រៅពីនេះក៏មានជាឈុតបន្លែផ្សេងៗដូចជាផ្សិតភ្លៅមាន់ ពោតបារាំង ផ្សិតម្ជុល ម្ទេសប្លោកខៀវ ផ្កាខាត់ណាខៀវ និងបន្លែចំរុះដែលលោកអ្នកអាចអាំងញ៉ាំបានជាមួយសាច់ខាងលើ។ 

ចំណុចពិសេសដែលធ្វើឲ្យសាច់អាំងនៅទីនេះល្បីល្បាញនោះគឺរូបមន្ដប្រលាក់សាច់និងបន្លែដ៏ពិសេស ជាមួយគ្រឿងផ្សំយ៉ាងច្រើនមុខដែលធ្វើឲ្យរសជាតិទាំងសាច់ ទាំងបន្លែគឺឆ្ងាញ់ប្លែក ហើយញ៉ាំមិនងាយទ្រលាន់ដូចសាច់អាំងទូទៅ។

ហើយចំណុចប្លែកមួយទៀតនោះ គឺរាល់ដងប្រិយមិត្តតែងតែញ៉ាំសាច់អាំងជាមួយបាយសត្រូវទេ? សាកញ៉ាំជាមួយនឹងនំបញ្ចុកម្ដងមើល! បន្ថែមជាមួយនឹងទឹកជ្រលក់រហូតដល់ទៅ 3 មុខ៖ ទឹកតៅហ៊ូ ទឹកត្រីហឹរ និងទឹកកាពិទៀត ជ្រលក់មួយណាក៏ឆ្ងាញ់ដែរ ព្រោះថាសាច់និងបន្លែមានជាតិស្រាប់ទៅហើយ។

អ៊ីចឹង ប្រិយមិត្ត FoodBuzz ណាដែលទៅលេងខេត្តសៀមរាបហើយចង់រកញ៉ាំសាច់អាំងអី កុំភ្លេចសាកឲ្យសោះ តារានី សាច់អាំង II ជាពិសេសអ្នកទៅពីភ្នំពេញក្នុងរដូវបុណ្យអុំទូកខាងមុខនេះអីហ្នឹង!

 

តម្លៃ៖ ចាប់ពី 10,000 រៀលឡើងទៅក្នុងមួយចាន

ដារ៉ានីសាច់អាំង ២ - Darany BBQ II

អត្ថបទគួរតែអានបន្ទាប់