អាហារពេលព្រឹកងាយៗទាំងនេះ ទាំងស្រួលធ្វើ និងសន្សំសម្ចៃ
នរណាៗក៏ដឹងថា អាហារពេលព្រឹក ជាអាហារសំខាន់ដែរ ចឹងហើយ កុំគេងទ្រមក់ ចង់វាយផ្តាច់អាហារមួយពេលនេះអី! អ្នកខ្លះ គ្រាន់តែបើកភ្នែក ក៏ដើរសំដៅទៅបើកទូទឹកកកមើលថា មានអ្វីអាចធ្វើញ៉ាំបានខ្លះ? តែបើថាខ្ជិលគិត ខ្ជិលច្នៃច្រើន FoodBuzzនឹងណែនាំអាហារពេលព្រឹកងាយៗ ដែលចំណាយប្រាក់តិច ប៉ុន្មានមុខខាងក្រោមនេះ ដែលលោកអ្នកអាចធ្វើឆ្លាស់គ្នាញ៉ាំរាល់ថ្ងៃបាន។
#1 នំប៉័ងដើម ឬនំប៉័ងចំណិត
នំប៉័ងដើមប្រហែលជាពិបាករកបន្តិច តែបើនំប៉័ងចំណិតងាយស្រួលរកទិញ និងទុកដាក់បានប៉ុន្មានថ្ងៃដែរ។ តែគួរញ៉ាំជាមួយអីទៅហ្ន៎? បើមានស៊ុតនៅផ្ទះ អាចចៀនវាយជាមួយនឹងបន្លែដែលចូលចិត្ត ថែមទឹកប៉េងប៉ោះ ឬទឹកម្ទេសជូរអែមពីលើ រឹតតែអ៊ែម។ តែបើមានត្រីខកំប៉ុង ក៏អាចដាក់កម្តៅ ហើយថែមគ្រឿង និងបន្លែតិចៗតាមចំណូលចិត្ត ហើយញ៉ាំជាមួយនំប៉័ងក៏បាន។ ឬម្យ៉ាងទៀត គ្រាន់តែចាក់ទឹកដោះគោខាប់ ឬដំណាប់ផ្លែឈើ ឬសូកូឡា លាបពីលើនំប៉័ងក៏ឆ្ងាញ់ម្យ៉ាង។
***គន្លឹះ ៖ គួរតែកម្តៅនំប៉័ងឲ្យស្រួយផងបានឆ្ងាញ់
#2 នំផេនខេក
គ្រឿងផ្សំមិនត្រូវការច្រើនទេ ត្រឹមតែម្សៅនំ ស៊ុត ស្ករ អំបិល ប័រ និងទឹកដោះគោស្រស់ ប៉ុណ្ណោះ។ លាយគ្រឿងទាំងអស់ចូលគ្នា ដោយលាបប័រលើខ្ទះក្តៅ រួចចាក់ម្សៅទៅលើខ្ទះ ហើយចម្អិនឲ្យឡើងឆ្អិនទាំងសងខាងជាការស្រេច។ បើមិនចង់ញ៉ាំទទេ អាចថែម Toppings ដូចជាផ្លែឈើ ទឹកឃ្មុំ ឬសូកូឡាពីលើបានណា៎!
#3 ផាស្តា (Pasta) ឬ ស្ប៉ាហ្គៃទី (Spaghetti)
មានត្រឹមសរសៃផាស្តា និងស្ប៉ាហ្គៃទី ទឹកជ្រលក់សម្រាប់លាយ (ជាទូទៅ មានដបស្រាប់ៗ) និងទឹកប៉េងប៉ោះ ក៏អាចធ្វើញ៉ាំបានហើយ! ស្រុះសរសៃមីឲ្យឆ្អិន ហើយដាក់ទឹកជ្រលក់ និងទឹកប៉េងប៉ោះចូលលើខ្ទះក្តៅ ហើយថែមគ្រឿងតាមចំណូលចិត្ត ភ្លក្សមើលល្មម រួចសឹមចាក់សរសៃមីឆ្អិនចូលច្របល់ជាមួយគ្នា។ បើចង់ដាក់សាច់/ប្រហិត ឬ បន្លែថែមជាមួយទៀតក៏បានដែរ។
#4 មី
មីស្រុះ? មីឆា? ទោះបីមីកញ្ចប់មិនសូវល្អចំពោះសុខភាព តែបើយូរៗញ៉ាំម្តង មិនអីទេ។ សំខាន់ ពេលញ៉ាំ កុំញ៉ាំវាតែឯង អាចលាយជាមួយនឹងសាច់ និងបន្លែដែលអ្នកចូលចិត្ត ដើម្បីបន្ថែមរសជាតិ ក៏ដូចជាសារធាតុចិញ្ចឹម។
#5 បបរស
ញ៉ាំជាមួយពងទាប្រៃក៏បាន ត្រីងៀតក៏បាន ឆៃប៉ូវក៏បាន ឬសាច់ចៀនក៏បានដែរ។ ញ៉ាំបបរក្តៅៗ ពេលព្រឹក បើប៉ះថ្ងៃមេឃត្រជាក់ទៀត ពិតជាស្រស់ស្រាយ និងស្រួលខ្លួនមិនខាន។
#6 សាឡាដចម្រុះ
មួយមុខនេះ ពិសេសសម្រាប់អ្នកស្នេហាបន្លែ។ ជម្រើសបន្លែតាមពិត គឺអាចដាក់បានតាមចំណូលចិត្ត មានដូចជា សាឡាដស្រួយ (Ice berg) សាឡាដស្លឹកខៀវ/ក្រហម (Lolo salad) ដំឡូងជ្វា ឬដំឡូងបារាំង ពោត ប៉េងប៉ោះតូច ការ៉ុត ស្ពៃក្តោបស្វាយ ។ល។
ទ្រាប់បន្លែពីក្រោមចានហើយ អាចបន្ថែមប្រូតេអ៊ីន (សាច់ទ្រូងមាន់ ប្រហិតក្តាម បង្គា សាច់ត្រី…) ហើយក៏អាចដាក់ស៊ុតស្ងោរពីលើផងដែរ។ រួចហើយ អាចចាក់ទឹកស្រូបពីលើទៅជាការស្រេចហើយ…
#7 បាយឆា
មានតែបាយ បន្លែ 2-3 មុខ (ការ៉ុត ស្ពៃក្តោប ស្នៀតពោត) ស៊ុត សាច់បន្តិច ក៏អាចរួចមួយពេលដែរ!!!
តាមពិតទៅ ការចម្អិនអាហារខ្លួនឯង ក៏អាចជាពេលហ្វឹកហាត់ការច្នៃប្រឌិតជាពិសេសពេលព្រឹកផងដែរ ហើយបើប្រើរូបមន្តប្រចាំខ្លួន/ត្រកូល រឹតតែពិសេស!!!