អ្នកណាថាធ្វើម្ហូបជប៉ុនសុទ្ធតែពិបាកធ្វើ? ប៉ុន្មានមុខនេះ ងាយស្រួលធ្វើហើយ ពេញនិយមញ៉ាំទៀត!
ម្ហូបជប៉ុនខ្លះ ប្រហែលមានអ្នកចង់ធ្វើញ៉ាំដែរ តែគិតថាពិបាក ដោយសារតែគ្រឿងផ្សំពិបាករកអ៊ីចឹង! តែតាមពិតទៅ មានប៉ុន្មានមុខដែលងាយនឹងធ្វើ ហើយមិនបាច់ត្រូវការគ្រឿងផ្សំច្រើនទេ។ ចំណែកឯរបៀបធ្វើវិញ ក៏មិនសូវស្មុគស្មាញច្រើនដែរ ដូចជាមុខម្ហូបខាងក្រោម ដែល FoodBuzz នឹងធ្វើការបង្ហាញជូនខាងក្រោមនេះ។
#1 បាយឆាខ្ចប់ពងទា (Omurice)
គ្រឿងផ្សំ៖ បាយឆា (ឆាដាក់សាច់ និងបន្លែដែលអ្នកចូលចិត្ត) ពងទាចៀនក្រឡុក ទឹកប៉េងប៉ោះ
របៀបធ្វើ៖
> ឆាបាយជាមួយសាច់ និងបន្លែ (ដាក់ម្សៅស៊ុបខ្នុរ ម្រេច ស្ករស ប័រ) ឲ្យឆ្អិន
> ដួសបាយឆាដាក់ចានទុកមួយឡែក
> វ៉ៃពងទាជាមួយម្សៅស៊ុបខ្នុរ និងស្ករបន្តិច រួចដាក់ចាក់ចៀនឲ្យឆ្អិនទាំងសងខាង ហើយទុកលើខ្ទះហ្នឹងហើយ
> ដាក់បាយឆាទៅលើពងទាចៀន(កណ្តាល) រួចខ្ចប់បិទជាមួយពងនៅសល់សងខាង
> លើកក្រឡាប់ដាក់ក្នុងចាន ដោយធ្វើយ៉ាងណាឲ្យពងនៅខ្ចប់ពីលើបាយឆា
> ចាក់ទឹកប៉េងប៉ោះពីលើជាការស្រេច។
***ឬក្រោយពេលបាយឆ្អិន ដួសដាក់ចានក្រឡុក ឬចានចង្កឹះឲ្យណែន ហើយក្រឡាប់ដាក់លើចានសំប៉ែត ហើយគ្របពងទាចៀនឆ្អិនពីលើតែម្តងក៏បានដែរ
#2 សាច់ជ្រូកបំពងស្រួយ (Tonkatsu)
គ្រឿងផ្សំ៖ សាច់ជ្រូក (សាច់ក្បែរឆ្អឹងជម្នី ដោយដកឆ្អឹងចេញ) ម្សៅបំពង ម្សៅកម្ទេចនំប៉័ង ស៊ុត ស្ពៃក្តោប ទឹកជ្រលក់ (មានលក់ស្រាប់ៗ) អំបិល ម្រេច
- របៀបធ្វើ៖
> ហាន់សាច់ជ្រូកជាបន្ទះក្រាស់ល្មម លាងឲ្យស្អាត ហើយប្រឡាក់ជាមួយនឹងអំបិល និងម្រេចតិចៗ
> ដាក់ម្សៅបំពង ម្សៅកម្ទេចនំប៉័ង ស៊ុត (វាយឲ្យសព្វ) ក្នុងចានផ្សេងៗគ្នា
> ជ្រលក់ប្រឡាក់សាច់ជាមួយម្សៅបំពង រួចស៊ុត ទើបម្សៅកម្ទេចនំប៉័ងជាប់បានច្រើន
> ដាក់ខ្ទះឲ្យក្តៅ ហើយដាក់ភ្លើងតិចៗបំពងសាច់ឲ្យឆ្អិនប្រហែល 5 នាទីម្ខាងៗ ហើយហាន់ជាចំណិតៗក្រោយពីសម្រង់ខ្លាញ់អស់
> ហាន់ស្ពៃក្តោបជាសរសៃៗ ហើយលាងទឹកឲ្យស្អាត រួចដាក់ក្បែរសាច់ជ្រូកជាការស្រេច។
#3 ស៊ូស៊ី
គ្រឿងផ្សំ៖ បាយដំណើប សារាយសមុទ្រ ស៊ុត បន្លែតាមចំណូលចិត្ត (ការ៉ុត ត្រសក់ ល្ពៅស្ងោរ) ប្រហិតក្តាម សាច់ Ham ឬ ប្រហិតហតដក។
- របៀបធ្វើ៖
> ចៀនស៊ុត (វ៉ៃជាមួយគ្រឿង) ហើយហាន់ជាសរសៃៗ
> ហាន់បន្លែជាចំណិតសរសៃដូចស៊ុតដែរ (បន្លែអាចស្ងោរក៏បាន ឬ ដាក់ស្រស់ក៏បាន)
> រាយបន្ទះសារាយសមុទ្រនៅលើក្តារមូរ ហើយដាក់បាយដំណើប ១ ស្លាបព្រា ដោយរាយប៉ាតៗពីលើសារាយសមុទ្រ ហើយដាក់បន្លែ ស៊ុត និងសាច់ពីលើ រួចចាប់ផ្តើមមូររុំឲ្យតឹង
> ហាន់ជាកង់ៗ រួចដាក់លើចានជាការស្រេច
> ញ៉ាំជ្រលក់ជាមួយនឹងទឹកស៊ីអ៊ីវ
***អាចច្នៃដាក់សាច់ជា Topping នៅលើកង់នីមួយៗក៏បានដូចជា មឹក គ្រំ សាច់ត្រីឆៅ ពងត្រី ផ្លែប័រ សារ៉ាយសមុទ្រ
#4 ពងទាចៀនបែបជប៉ុន (Tamagoyaki)
- គ្រឿងផ្សំ៖ ពងទា អំបិល ស្ករស ម្សៅស៊ុបខ្នរ ទឹកស៊ុប (បើសិនជាមាន)
របៀបធ្វើ៖ ស្រដៀងនឹងការចៀនពងក្រឡុកគ្រឿងដែរ តែខុសត្រង់របៀបចៀនបន្តិច
> ក្រោយពីវាយស៊ុត និងគ្រឿងទាំងអស់ចូលគ្នាសព្វហើយ ដាក់ខ្ទះឲ្យក្តៅ (Low-heat) ហើយចាក់ពងចូល
***កុំទាន់ចាក់ចូលទាំងអស់ ចំនួនដងដែលអ្នកចង់ចៀន គឺត្រូវស្មើនឹងចំនួនស្រទាប់នៃពងដែលអ្នកចង់បាន
> ពេលឆ្អិនម្ខាងហើយ រមូរត្រឡប់វាទៅកៀនទុកមួយឡែក
> ជូតសម្អាតផ្ទៃខ្ទះដែលនៅទំនេរ ហើយចាក់ពងនៅសល់ចូល ដោយព្យាយាមលើកពងដែលឆ្អិនហើយមុនហ្នឹងដាក់ឡើងលើវា
> ពេលឆ្អិនម្ខាង ធ្វើដូចគ្នាដែរ រហូតដល់អស់
> ដាក់ពងឆ្អិនទាំងអស់លើឬស្សីមូរ (ដូចមូរស៊ូស៊ី) ហើយកាត់ជាកង់ៗជាការស្រេច។
#5 គាវ (Gyoza)
គ្រឿងផ្សំ៖ សំបកគាវ សាច់ចិញ្ច្រាំម៉ដ្ឋល្អ (សាច់ជ្រូក ឬបង្គា) ស្ពៃក្តោប ខ្ញី ខ្ទឹមបារាំង ខ្ទឹមស ផ្សិត (បន្លែអាចដាក់តាមចំណូលចិត្ត) គ្រឿងប្រឡាក់ស្នូល (ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ អំបិល ស្ករស ម្សៅស៊ុប)
- របៀបធ្វើ ៖
> ហាន់បន្លែជាចំណិតតូចៗ ហើយដាក់កិនឲ្យម៉ដ្ឋ
> ដាក់សាច់ និងបន្លែប្រឡាក់ជាមួយគ្រឿងចូលគ្នាឲ្យសព្វល្អ
> លាតសំបកគាវដាក់លើបាតដៃ រួចដួសស្នូលម៉ាល្មមដាក់លើ ហើយខ្ចប់ឲ្យសាច់នៅក្នុងសំបកជិតល្អ
> ចម្អិនដោយចំហុយ ឬចៀន តាមការចូលចិត្ត។
***ទឹកជ្រលក់ ៖ ទឹកស៊ីអ៊ីវស្រាប់ក៏បាន ឬលាយទឹកប្រេងល្ង 2 ស្លាបព្រាកាហ្វេ ទឹកខ្មេះ 1 ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ 2 ស្លាបព្រាបាយ
