សាករសជាតិបាយសាច់ជ្រូកនៅ 7 កន្លែងនេះហើយឫនៅ?

បាយសាច់ជ្រូក រឺ បាយស្រូបគឺជាអាហារពេលព្រឹកដ៏សាមញ្ញមួយ ដែលអ្នកអាចរកទទួលបានស្ទើរគ្រប់ទីកន្លែងទាំងអស់។ ប៉ុន្តែបើនិយាយថា កន្លែងណាមួយដែលមានរសជាតិត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នកនោះ គឺមានមិនច្រើននោះទេ។ ដូច្នេះហើយ ពួកយើងបានសាកបាយសាច់ជ្រូកនៅកន្លែងខុសៗគ្នា ចំនួន 7 កន្លែងដូចខាងក្រោម៖

#1 ហាងបាយ រ៉េត សូនីតា (ញ៉ក់) ឫ បាយប៉ុស្តិ៍

porkrice

ជាទីតាំងដល់ពេញនិយមមួយកន្លែងនៅតំបន់សាលាបាក់ទូក ដែលមានឈ្មោះបោះសម្លេងអស់រយៈពេល 35 ឆ្នាំមកហើយ (បើតាមអ្នកលក់ប្រាប់)។ ត្រូវបានគេស្គាល់តៗគ្នាតាមរយៈឈ្មោះថា បាយប៉ុស្តិ៍ នៅទីនេះមានលក់នូវបាយសាច់ជ្រូកចៀនបន្ទះៗ ដែលលក់ក្នុងតម្លៃ 6000 រៀល/ចាន បើថែមពងទាចៀនមួយគ្រាប់ទៀត មានតម្លៃ 1000 រៀល។

ទីតាំង៖ ផ្លូវ 169 ជិតម៉ាស្ទ័រស៊ូគីស៊ុបបាក់ទូក

#2 ហាងបាយតាវែង (បាយពងក្រទ្បុក)

porkrice

លាក់ខ្លួននៅខាងជើងរបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្គាល់តៗគ្នាតាមរយៈរហស្សនាម បាយពងទាក្រទ្បុក ។ មិនខុសពីឈ្មោះដែលគេដាក់នោះទេ នៅទីនេះបាយសាច់ជ្រូកអាំងមានមកជាមួយនឹងពងទាក្រទ្បុកចៀនមួយបន្ទះធំ គ្របពីលើ (មើលតាមរូបភាពក៏ដឹងថាទំនងដែរ) ដែលលក់ក្នុងតម្លៃ 5000 រៀល/ចាន។ បន្ថែមពីលើនេះទៀត ទីនេះមានលក់នូវស៊ុបខួរជ្រូកដ៏ពិសេស ក្នុងតម្លៃ 4000 រៀល/ចាន  សម្រាប់ប៉ូវកម្លាំងអ្នកដែលចង់ពិសារ មុននឹងចេញទៅសិក្សា រឺធ្វើការជាដើម (*wink wink)

ទីតាំង៖ ផ្លូវ 202 កៀនរបងខាងជើងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់    

#3 បាយទល់មុខ IFL

porkrice

សិស្ស និស្សិតដែលសិក្សានៅម្តុំនេះ អ្នកណាៗក៏ធ្លាប់ញុំារសជាតិបាញ់ស្រ៊ុងនៅលើផ្លូវចុះពីសាលា IFL ដែរ ហើយច្បាស់ណាស់គាត់មិនមែនលក់តែបាញ់ស្រ៊ុងនោះទេ ពេលព្រឹកក៏មានបម្រើនូវអាហារពេលព្រឹកដ៏សាមញ្ញរបស់យើង គឺបាយស្រូបផងដែរ។ លក់ក្នុងតម្លៃសមរម្យក្នុង 4000 រៀល/ចាន តែប៉ុណ្ណោះសិស្ស និស្សិតនឹងទទួលបានបាយសាច់ជ្រូក ពងទាចៀនមួយចានសម្រាប់ទទួលទានមួយចម្អែតមួយគ្រាផងដែរ។

ទីតាំង៖ ផ្លូវ 261 ទល់មុខរបងវិទ្យាស្ថានភាសាបរទេស IFL

#4 បាយជិតសាលាទួលគោក

porkrice

បាយស្រូបទឹកខរ រឺបាយជិតសាលាទួលគោក ក៏ជាទីតាំងមួយដ៏ពេញនិយមសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ទួលគោកផងដែរ។ ចំនុចពិសេសរបស់បាយសាច់ជ្រូកនៅទីនេះ គឺទៅលើរសជាតិទឹកខរដែលស្រូបពីនៅលើបាយ បរិយាកាសស្រទ្បះស្រួល ក៏ដូចជាទឹកត្រីដែលមានរសជាតិឆ្ងាញ់របស់គាត់ អ្នកអាចពិសារបាយនៅទីនេះក្នុងតម្លៃ 6000 រៀល/ចាន ដែលភ្ជាប់មកជាមួយនឹងសាច់ជ្រូក និងពងទាខរ។

ទីតាំង៖ ផ្លូវ 566 ទល់មុខការ៉ាសសាំង Total ស្តុបសាលាបឋមសិក្សាទួលគោក

#5 បាយកែងផ្សារកណ្តាល

porkrice

នៅតំបន់ផ្សារមិនដែលចេះខ្វះរបស់ញុំានោះទេ ហើយទីតាំងបាយសាច់ជ្រូកមួយនេះ បានបើកលក់អស់រយៈពេល 30ឆ្នាំមកហើយ ត្បិតថាទីតាំងលក់របស់គាត់មើលពីក្រៅទីមិនគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែបើមិនទាន់បានសាកជាមួយរសជាតិផង ម៉េចនឹងអាចថាមិនចូលចិត្តនោះ? ចំនុចពិសេសរបស់បាយសាច់ជ្រូកនៅទីនេះគឺទៅលើ រសជាតិសាច់ជាប់ខ្លាញ់អាំងរបស់គាត់ ក៏ដូចជាឆ្អឹងជំនីរផងដែរ ដែលលក់ក្នុងតម្លៃ 6000 រៀល/ចាន។

ទីតាំង៖ កែងផ្លូវ 136 ជិតសណ្ឋាគារ Sun & Moon ផ្សារកណ្តាល

#6 បាយសាលាអង្គអេង

porkrice

នៅតំបន់នេះវិញ ក៏មានបាយសាច់ជ្រូកល្បីឈ្មោះមួយកន្លែងដែរ ដែលមានទីតាំងនៅចំផ្លូវចូលសាលាអង្គអេងតែម្តង។ បន្ទាប់ពីបើកលក់ជាង 30ឆ្នាំមកនេះ កន្លែងលក់បាយមួយនេះមានម៉ូយចេញចូលមិនលោះថ្ងៃតែម្តង តែបើចង់ដឹងថារសជាតិឆ្ងាញ់យ៉ាងណា បានជាភាពល្បីល្បាញបែបនេះ? អាចមកសាកបាន ដោយបានមួយចានតម្លៃតែ 4000 រៀល/ចាន ប៉ុណ្ណោះ។

ទីតាំង៖ ផ្លូវ 143 កែងនឹងផ្លូវ 300 ចំខាងមុខផ្លូវចូលសាលាអង្គអេង

#7 បាយយ៉ុងហ្វាសាច់ផាក់ទ្បូវស្តុបពេទ្យចិន

Petjin

ផ្លាស់ប្តូរសជាតិពីបាយសាច់ជ្រូក មកប្រភេទបាយសាច់ជ្រូកមួយបែបទៀត ដែលមានមិនត្រឹមតែសាច់ជ្រូកទេ គឺមានទាំងផាក់ទ្បូវ ប្រហិតត្រី កោះមាន់ និងច្រើនទៀតនៅក្នុងចានតែមួយ។ បាយពិសេសនេះមានលក់ក្នុងតម្លៃ 10,000 រៀល/ចាន រឺប្រសិនបើអ្នកចង់បានតែសាច់ជ្រូកទេ តម្លៃធូរថ្លៃជាងបន្តិចត្រឹមតែ 5000 រៀល/ចាន។

ទីតាំង៖ លើបណ្តោយមហាវិថីសីហនុ ជាប់នឹង CD WORLD

BONUS: បាយតារារស្មី

dararaksmey

ក្រោយពីភ្លក់បាយសាច់ជ្រូកអស់ជាច្រើនកន្លែងមក កន្លែងចុងក្រោយរបស់យើងគឺនៅហាងបាយតារារស្មី ដែលល្បីឈ្មោះតាមរយៈរសជាតិបាយសាច់ផាក់ទ្បូវរបស់គាត់ ក្នុងតម្លៃ 5000 រៀល/ចាន លើសពីនេះគាត់ក៏មានលក់នូវស៊ុបខួរជ្រូកពិសេសផងដែរ ក្នុងតម្លៃ 5000 រៀល/ចាន  ចាហួយស្លឹកតយ 2000រៀល/ចាន  ចាហួយដូង 3500រៀល/ចាន និងទឹកដូងត្រជាក់ៗដល់បេះដូង។

ទីតាំង៖ ផ្លូវ 105 នៅខាងក្រោយប៉ុស្តិប្រៃសណីយ៍បឹងព្រលិត

អត្ថបទគួរតែអានបន្ទាប់