បារបែប Speakeasy លាក់ខ្លួនក្នុងហាងកាហ្វេតូចច្រឡឹងមួយនៅក្បែរ ផាប់ស្រ្ទីត ខេត្តសៀមរាប
ក្រលេកមួយឆ្វាច់ពីក្រៅពិតជាទាក់ភ្នែកជាមួយនឹងការតុបតែងហាងបែបសម័យជាមួយក្បាច់បុរាណខ្មែរលាយឡំនឹងគំនូរបែបទសវត្សទី 60 ព្រមទាំងពណ៌ស៊ីលាបដ៏ស្រស់ឆើតឆាយនៅលើដងផ្លូវជិតផ្សារចាស់ក្រុងសៀមរាប ប៉ុន្ដែអ្នកនឹងឆ្ងល់ព្រោះថាហេតុអ្វីបានដាក់ឈ្មោះជា Lounge បើមើលទៅគ្រាន់តែជាហាងកាហ្វេដ៏តូចច្រឡឹងមួយហ្នឹង? នេះគឺដោយសារ Menaka Lounge មិនមែនគ្រាន់តែជាអ្វីដែលអ្នកបានឃើញនោះទេ។


Menaka Lounge គឺជា speakeasy bar ដែលជាប្រភេទបារបង្កប់ខ្លួន និងឈ្មោះត្រូវបានដាក់តាមអប្សរាដ៏ស្រស់ស្អាតដាច់គេមួយអង្គកាលពីសម័យអង្គរ។ បារនេះពេលថ្ងៃត្រឹមជាហាងកាហ្វេ ប៉ុន្តែចាប់ពីម៉ោង 6 ល្ងាចទៅ ភ្ញៀវអាចធ្វើដំណើរឆ្លងកាត់ទ្វារកញ្ចក់ដ៏ធំនៅចំពីក្រោយហាងកាហ្វេដ៏តូចច្រឡឹងមួយនេះដើម្បីឡើងទៅកាន់បរិវេណ Lounge ដ៏ពិសេសមួយ។ ប្រិយមិត្តដែលមិនធ្លាប់ទៅបរិវេណខាងលើប្រហែលជាឆ្ងល់ហើយថាហេតុអ្វីគេដាក់ទ្វារកញ្ចក់ធំៗម៉្លេះ ឥឡូវអស់ចម្ងល់ហើយមែនទេ?


នៅបរិវេណហាងកាហ្វេខាងក្រោម Menaka Lounge មានបម្រើជាភេសជ្ជ: កាហ្វេ និងម្ហូបផ្សេងៗបែបខ្មែរនិងអាស៊ី ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និង ល្ងាច។ ក្រុមការងារ FoodBuzz បានភ្លក្ស Menaka Curry ដែលជាសម្លរការីសាច់មាន់ដ៏មានឱជារស ជាពិសេសខ្ទិះឡើងខាប់ត្រូវចិត្តពួកយើងតែម្ដង ហើយរសជាតិហឹរតិចៗល្មម និងមានក្លិនឈ្ងុយ ញ៉ាំជាមួយបាយរំស្លឹកចេក ដែលប្លែកមិនដែលប្រទះពីមុនមក។ បន្ថែមជាមួយនឹងតែជ្រក់មួយកែវទៀតនោះ គឺល្មមនឹងរួចរាល់សម្រាប់ការទទួលយកបទពិសោធន៍ Lounge លាក់ខ្លួននៅខាងលើ។

គ្រាន់តែដើរកាត់ទ្វាកញ្ចក់ដ៏ធំនេះភ្លាម (ដែលប្រិយមិត្តអាចចំណាយពេលបន្ដិចដើម្បីសារ៉េសក់ ថែម lipstick ឬថតរូបលេងអីតិចសិនក៏បាន) លោកអ្នកនឹងឃើញ Bar ធ្វើភេសជ្ជ:តូចមួយ និងជណ្ដើរឡើងទៅកាន់ជាន់ទីមួយ។ ប្រិយមិត្តនឹងភ្ញាក់ផ្អើលនឹង Lounge នេះជាមួយនឹងការតុបតែង និងបរិយាកាសដ៏ខុសប្លែកដាច់ពីបារផ្សេងៗទៀតដែលនៅ Pub Street ដូចគ្នានេះមិនខាន។



បារពណ៌ឈាមជ្រូកក្រម៉ៅ ព្រមនឹងពន្លឺភ្លើងដ៏ស្រទន់ លំអដោយផ្ទាំងរូបគំនូរចំរៀងសម័យអធិរាជសម្លេងមាស និងរូបគំនូរអប្សរាដ៏ស្រស់ស្អាតលើជញ្ជាំងនេះពិតជានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកបែបស្ងប់ស្ងាត់ ហើយអ្នកនឹងទទួលស្វាគមន៍ដោយបុគ្គលិកដ៏រួសរាយរាក់ទាក់ជាមួយនឹងម៉ឺនុយភេសជ្ជៈដូចព្រះរាជសាររបស់ស្ដេចយ៉ាងស្អាតនិងគួរឲ្យចាប់អារម្មណ៍ភ្លាម។



ចំណែកឯភេសជ្ជ:នៅទីនេះ គឺមានបែងចែកជា 3 សម័យកាលដូចជា “Angkor Era”, “The Sangkum Era” និង “The Great Era” ហើយភេសជ្ជៈនីមួយៗសុទ្ធតែមានឈ្មោះពិរោះៗ និងប្លែកលាយឡំនឹងពាក្យពេចន៍ខ្មែរ។ នៅលើមឺនុយនេះក៏មានជាកូដពណ៌ដែលអ្នកអាចមើលដឹងពីកំរិតភាពផ្អែម ភាពខ្លាំង ភាពជូរ និងស្រស់ស្រាយរបស់ភេសជ្ជ:នីមួយៗទៀតផង។ អ្នកក៏អាចឲ្យខាង Menaka Lounge ណែនាំភេសជ្ជ:ដែលសាកសមនឹងអ្នកផងដែរ។


ស្របពេលដែលលោកអ្នកកំពុងតែរីករាយជាមួយនឹងភេសជ្ជ: និងបណ្ដែតអារម្មណ៍តាមចង្វាក់ភ្លេងដ៏អន្លង់អន្លោចនេះ អ្នកក៏អាចកុម្ម៉ង់ចំណីផ្សេងៗញ៉ាំក្លែមនឹងភេសជ្ជៈ និងចុងក្រោយកុំភ្លេចផ្ដិតយករូបភាពស្អាតទុកចែករំលែកផងណា! អ្នកណាថាឲ្យតែទៅ Pub Street ដឹងតែត្រូវចូលបារដែលមានភ្លេងលឺៗនិងមនុស្សច្រើនប្រជ្រៀតគ្នា? សាក Menaka Lounge ម្ដងមើល!

ទីតាំង៖ ផ្ទះលេខ 275, ផ្លូវ 2 ធ្នូ, ទល់មុខផ្សារចាស់ក្រុងសៀមរាប | Googlemap
បើកពីម៉ោង៖
- 7:30AM - 11PM (សំរាប់កាហ្វេ)
- 6PM – 1AM (សំរាប់ Lounge)