រកនៅណាមាន? ត្រឹមមួយម៉ឺនរៀលក៏អាចញ៉ាំបបរខកង្កែបបាន!
ខកង្កែបជាមុខម្ហូបដ៏ពេញនិយមមួយដែលតែងតែត្រូវបានញ៉ាំជាបបរស ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ខាប់រមួតចេញពីការរម្ងាស់ស្ករត្នោតខ្មែរ និងគ្រឿងមួយចំនួនទៀត ធ្វើឲ្យវាស៊ីគ្នានឹងបបរស។ តែកន្លែងណា ដែលអ្នកអាចញ៉ាំបបរខកង្កែបបានក្នុងតម្លៃសមរម្យ?

មក បបរខកង្កែប Singapore Hot Frog ត្រូវតែញ៉ាំខកង្កែបប្រចាំហាងហើយត្រូវទេ? ខមានពណ៍ក្រហមក្រម៉ៅ ខាប់រមួត និងមានរសជាតិផ្អែម ប្រៃ មិនរងាន់ ត្រូវបានដាក់ក្នុងឆ្នាំងដីតូចល្មមដែលមានកង្កែបមួយកាត់ជាចំនិតៗហើយស្រាប់ងាយស្រួលក្នុងការញាំ។ សម្រាប់មនុស្សម្នាក់ ខរមួយឆ្នាំង បបរមួយ ដឹងតែល្មមម៉ង តែបើមិនទាន់ឆ្អែតថែមទៀតក៏គ្មានបញ្ហា។


អ្វីដែលពិសេសនោះគឺ មិនមែនមានតែមួយរសជាតិ ដូចខបុរាណទេណា គឺថាមានដល់ទៅ 6 រសជាតិឯនោះ គឺខកង្កែប Hot Frog, ខកង្កែប Singapore, ខកង្កែប ខ្ចី, ខកង្កែប សាតេ, ខកង្កែប ជូរហិរ និង ខកង្កែប ប្រៃហិល។ រសជាតិនីមួយៗសុទ្ធតែខុសគ្នា អាស្រ័យទៅតាមចំនង់ចំនូលចិត្តរបស់អ្នកទទួលទាន។ បើសិនជាអ្នកមិនសូវស្រួលខ្លូន ឬផ្តាសាយ កុំភ្លេច សាកខកង្កែបខ្ចីណា ដឹងតែបានឆ្ងាញ់មាត់ផង ហើយស្រស់ថ្លា ឆាប់ជាទៀត។ តែបើចូលចិត្តហឹរ ប្រាកដជាយក Hot Frog ហើយមែនអត់?

បបរវិញកាន់តែពិសេស លោកអ្នកអាចមានជំរើសពីរ គឺបបរសធម្មតា និងបបរសស្លឹកតយ។ មើលទៅគួរអោយចង់ញ៉ាំដល់ហើយ។

បបរស និង ខ មិនទាន់គ្រប់ទេ មានទឹកជ្រលក់ទៀតបានអេម។ សម្រាប់ទឹកជ្រលក់វិញ ខនេះ គឺជាដៃគូរពិសេសជាមួយនឹងទឹកស៊ីអៀវខាប់។ ថាខទៅឆ្ងាញ់លែងនិយាយហើយ គ្រាន់តែទឹកស៊ីអៀវនឹង ក៏ឆ្ងាញ់មិនអន់ដែរ។ កុំភ្លេចដាក់ខ្ទឹមសតិចៗ និងម្ទេសផង ធានាថាដឹងតែថែមរហូតហើយ។


ក្រៅពីខ ហាង បបរខកង្កែប Singapore Hot Frog នេះ ក៏មាននូវមុខម្ហូបផ្សែងទៀតសម្រាប់អោយលោកអ្នកផ្លាស់ប្តូររសជាតិផងដែរ។ ម្ហូបទាំងនោះមានដូចជា ឆាក្តៅ, ឆាខ្ចី, ឆាការី, អប់មីសួរ ឬកង្កែបបំពងជាដើម។ ម្ហូបទាំងនោះលោកអ្នកអាចជ្រើសរើសសាច់បានដូចជា កង្កែប, សាច់គោ និងសាច់ជ្រូកជាដើម។ ចំនេញណាស់ ហាងមួយមានរបស់ញាំគ្រប់សព្វ មិនចាំបាច់ចំណាយពេលទៅញាំច្រើនកន្លែងនោះទេ។

សម្រាប់កន្លែងពិសេស ហើយប្លែកបែបនេះ ទាយមើលថា តំលៃប៉ុន្មាន? ខមួយឆ្នាំងត្រឹមតែ 10000 រៀល និង បបរសតែ 1000 រៀលទេ។ ឆាបន្លែរសុទ្ធវិញ គឺត្រឺមតែ 5000 ពាន់រៀលប៉ុនោះ។ គិតទៅពិតជាងាយស្រួល ហើយតំលៃសមរម្យទៀត។ លើកក្រោយចេញពី ធ្វើការ ឬត្រលប់មកពីរៀន អត់ដឹងញាំអី កុំភ្លេចបបួលគ្នាមកឆ្ងាញ់នៅ បបរកង្កែប Singapore Hot Frog ណា។

តំលៃ៖ ចាប់ពី 10000 រៀល
បើក៖ 3PM – 2AM
ទីតាំង៖ ផ្ទះលេខ 132A, មហាវិថីព្រះនរោត្តម, សង្កាត់ទន្លេរបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ (ទល់មុខហាង សំលៀកបំពាក់ G2000 វិមានឯករាជ្យ) | Googlemap