តោះ មកស្គាល់ទឹកស៊ុប 4 រសជាតិបែបជប៉ុន និងសាច់ស្រស់ៗគុណភាពខ្ពស់នៅ Mo-Mo-Paradise

FoodBuzz ធ្លាប់ចុះអត្ថបទពីភោជនីយដ្ឋានស៊ុបជប៉ុននេះច្រើនគួរសមដែរ ប៉ុន្ដែទោះជាយ៉ាងណាក៏នៅតែមិនដាច់អាល័យសោះតែម្ដង ព្រោះទាំងរសជាតិស៊ុប គ្រឿងផ្សំ និងគុណភាពសាច់ស្រស់នៅទីនេះគឺជាប់ចិត្តពួកយើងមែនទែន! ហើយខុសពីរាល់ដង ថ្ងៃនេះពួកយើងនឹងនាំប្រិយមិត្តទៅភ្លក្សរសជាតិទឹកស៊ុបម្ដងគ្រប់មុខតែម្ដង សុំឈុតធំម្ដងលើកនេះកុំឲ្យខាត! 

ប្រិយមិត្តដឹងអត់ថានៅ Mo-Mo-Paradise មានទឹកស៊ុបសរុប 4 រសជាតិពេញនិយមបំផុត ដែលមានដូចជា ទឹកស៊ុបសាប៊ូសាប៊ូ (រសជាតិដើម) ទឹកស៊ុបស៊ូគីយ៉ាគី ទឹកស៊ុបផ្សិត និងទឹកស៊ុបគីមឈីដែលសុទ្ធតែឆ្ងាញ់ម្យ៉ាងៗម្នាក់ ហើយថ្ងៃនេះ FoodBuzz នឹងណែនាំរសជាតិទឹកស៊ុបទៅតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តហើយចាំពួកយើងប្រាប់ថារសជាតិមួយណាដែលក្រុម FoodBuzz ពេញចិត្តជាងគេផងដែរ!

ទឹកស៊ុបសាប៊ូសាប៊ូ (Shabu Shabu) ទឹកថ្លានេះសាកសមសម្រាប់មនុស្សទូទៅ ព្រោះថាមានរសជាតិសាមញ្ញនឹងអាចញ៉ាំបានច្រើនដោយមិនទ្រលាន់ដោយសាររសជាតិសាបល្មម ស្រួលក្នុងការបន្ថែមបន្ថយគ្រឿងហើយក៏សមល្មមសម្រាប់ការជ្រលក់ជាមួយទឹកជ្រលក់ផ្សេងៗ ហើយនៅ Mo-Mo-Paradise គឺមាន 2 ជម្រើស៖ Gumadare ជាទឹកជ្រលក់ល្ងរខាប់ៗរសជាតិស្រាលនិងឈ្ងុយ និងទឹកជ្រលក់ Ponzu ទឹកស៊ីអ៊ីវជប៉ុន អាចបន្ថែមជាមួយស្លឹកខ្ទឹម ម្ទេសឬក៏ខ្ទឹមសរ សម្រាប់អ្នកដែលចូលចិត្តរសជាតិមុត។

ទឹកស៊ុបស៊ូគីយ៉ាគី (Sukiyaki) ទឹកពណ៌ខ្មៅ នេះគឺមានរសជាតិរាងផ្អែមបន្ដិចនិងមុត រសជាតិជប៉ុនពិតៗ ដែលមានប្រវិត្តសាស្រ្ដដ៏យូរអង្វែង ហើយជាមុខម្ហូបមួយដែលគេពេញនិយមញ៉ាំនៅក្នុងឱកាសជួបជុំគ្រួសារ និងញាតិមិត្តចុងៗឆ្នាំ។ ដោយសារតែទឹកស៊ុបមានរសជាតិខ្លាំងជាងស៊ុបមុននេះ ប្រិយមិត្តអាចបន្ថែមជាទឹកសដែលមកជាមួយទឹកស៊ុបចូលទៅក្នុងទឹកស៊ុបនេះ ពេលដែលវាចាប់ផ្ដើមរីង ហើយស៊ុបនេះរសជាតិឆ្ងាញ់បំផុតពេលញ៉ាំជាមួយសាច់គោចំណិតស្ដើងៗ ជ្រលក់លើកៗចាប់យករសជាតិស៊ុបហើយជ្រលក់ជាមួយនឹងពងមាន់ឆៅ (ដែលបានសម្លាប់មេរោគហើយ) ដើម្បីបន្ថែមនូវរសជាតិថ្មីមួយទៀត ដែលធ្វើឲ្យសាច់គោនេះនៅតែមានរសជាតិយ៉ាងស្រស់ឆ្ងាញ់តែម្ដង។ ណែនាំសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់ និងរសជាតិមុត!

ទឹកស៊ុបរសជាតិផ្សិត (Wafu Mushroom) ទឹកពណ៌ខ្មៅជាមួយនឹងផ្សិតអណ្ដែតពេញឆ្នាំង ដែលមានលក្ខណៈពិសេសត្រង់ចំណុចជួយផ្ដល់ ប្រូតេអ៊ីន ប៉ូតាស្យូម វីតាមីនC ជាតិដែក និងអាហាររូបត្ថម្ភជាច្រើនទៀតដល់សារពាង្គកាយ ជាពិសេស អាចជួយសម្រួលក្នុងការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួន។ បើនិយាយពីរសជាតិវិញគឺឆ្ងាញ់ម្យ៉ាងម្នាក់ពីស៊ុប 2 មុខខាងលើ ហើយមានក្លិនធ្ងន់បន្ដិចដោយសារផ្សំពីផ្សិត ដូច្នេះពួកយើងណែនាំសម្រាប់ប្រិយមិត្តដែលចូលចិត្តញ៉ាំផ្សិត និងមិនមានបញ្ហាជាមួយនឹងក្លិន។

Image: Mo-Mo-Paradise

ទឹកស៊ុបគីមឈី (Wafu Kimchi) ទឹកពណ៌ក្រហមថ្លាៗនេះគ្រាន់តែមើលក៏ដឹងថារសជាតិដែរ ព្រោះផ្សំពីគីមឈីទៅហើយ! ហឹរ ប៉ុន្ដែក៏មិនហឹរខ្លាំង គឺហឹរបែបប្រហើរៗ ឆ្ងាញ់ជក់មាត់តែម្ដង ស័ក្ដិសមសម្រាប់អ្នកចូលចិត្តញ៉ាំហឹរ ហើយក៏មិនបាច់បារម្ភដែរព្រោះថាស៊ុបនេះមានផ្ទុកជាតិសរសៃ (Fiber) ច្រើនហើយមានកាឡូរីតិចទៀត មិនភ័យខ្លាចឡើងគីឡូ។

Image: Mo-Mo-Paradise

ក្នុងចំណោមស៊ុបទាំង 4 មុខនេះគឺ FoodBuzz ពេញចិត្ត Sukiyaki ជាងគេដោយសាររសជាតិប្លែកគេ ជាប់មាត់ ហើយពួកយើងគិតថារួមផ្សំជាមួយសាច់គោស្រស់ៗមានស្ដង់ដាររបស់ Mo-Mo-Paradise ដែលរួមមានទាំងសាច់គោដ៏កម្រ Wagyu ផងដែរនោះគឺរសជាតិកាន់តែអស្ចារ្យមួយកំរិតទៀត។ សាច់គោដ៏ផុយ មានជាតិបានជ្រលក់ក្នុងទឹកពងមាន់ដ៏ខាប់ និងឈ្ងុយទៀត គ្រាន់តែនឹកស្រមៃក៏ស្រក់ទឹកមាត់។

តែញ៉ាំស៊ុបជប៉ុនក្ដៅៗអ៊ីចឹង ញ៉ាំជាមួយស្រាបៀរត្រជាក់ៗល្បីប្រចាំប្រទេសជប៉ុន “Asahi Super Dry” ទៀតនោះ ដឹងតែការញ៉ាំស៊ុបជួបជុំលើកនេះកាន់តែឆ្ងាញ់ពិសេស។ ស៊ុបក៏ឆ្ងាញ់ ស្រាបៀរក៏ល្អ រកអ្វីស័ក្ដិសមជាងហ្នឹងទៀត!

ចុះបើអត់ចង់ញ៉ាំតែមួយរសជាតិ? កុំបារម្ភព្រោះថាប្រិយមិត្តក៏អាចជ្រើសរើសយកឆ្នាំងភ្លោះដែលអាចរើសទឹកស៊ុបបានទៅដល់ 2 រសជាតិ ហើយបើសិនអ្នករើសយកការញ៉ាំជាបែបលក្ខណៈប៊ូហ្វេ អ្នកនឹងអាចកុម៉្មង់សាច់តាមចិត្ត និងរីករាយជាមួយគ្រឿងផ្សំ បន្លែ និងភេសជ្ជៈផ្សេងដែលមានដាក់តាំងដូចក្នុងរូបនេះដោយសេរីផងដែរ!

តម្លៃ៖ ចាប់ពី

-       ឈុតអាហារពេលថ្ងៃ​៖ $17.90

-       ឈុតអាហារពេលល្ងាច៖ $20.90

Mo-Mo-Paradise Cambodia

អត្ថបទគួរតែអានបន្ទាប់