ស៊ុប 10 ប្រភេទដែលមានរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ
ដោយឃើញថាអាកាសធាតុសព្វថ្ងៃនេះត្រជាក់ត្រជុំល្អណាស់ សាកសមនឹងញ៉ាំស៊ុប តែរកកន្លែងដែលគ្រប់ budget ហើយមានរសជាតិឆ្ងាញ់ តម្លៃទទួលយកបានទៀតនោះគឺមិនងាយទេ។ ចង់ញ៉ាំស៊ុបម្តងម្កាល ពេលខ្លះឃើញហាងស្អាតៗមិនហ៊ានចូល ខ្លាចថ្លៃ ប៉ុន្តែពេលខ្លះឃើញហាងល្មមៗក៏មិនហ៊ានចូល ខ្លាចរសជាតិមិនឆ្ងាញ់ ស្តាយលុយ។ ពេលខ្លះទៀតមិនហ៊ានសាករបស់ប្លែក ខ្លាចមិនត្រូវមាត់ តែក៏ថាមិនសាកមិនបានដែរ ឥទ្បូវយើងមកមើលថាមានស៊ុបណាខ្លះដែលអ្នកអាចញ៉ាំបាន ក្នុងតម្លៃសមរម្យ៖
#1 ស៊ុបចង្កាក់
ទើបតែទទួលបានប្រជាប្រិយភាព 1-2 ឆ្នាំចុងក្រោយនេះឯង ប៉ុន្តែមានលក់ស្ទើរនៅគ្រប់ទីកន្លែងដែលនៅជិតអ្នក។ យ៉ាងណាក៏ដោយ ហាងដែលយើងសូមណែនាំនោះគឺ ហាងស៊ុបចង្កាក់ទួលស្វាយព្រៃ រឺ ស៊ុបចង្កាក់ Volcano ។

ហាងស៊ុបចង្កាក់ Volcano ទួលស្វាយព្រៃ
ទីតាំង៖ ទល់មុខ វិទ្យាល័យ ទួលស្វាយព្រៃ
តម្លៃ៖ ប្រហែល 10$/ឈុត (ញ៉ាំបានពីរនាក់)
#2 ស៊ុបម្រះ
ត្បិតថាម្រះមានរសជាតិល្វីង ប៉ុន្តែពិតជាមានសារប្រយោជន៍ចំពោះសុខភាព។ ស៊ុបម្រះទៀតសោត កាន់តែមានឱជារសត្បិតថាជាស៊ុបគ្រឿងសមុទ្របង្គា មឹក ជាមួយរសជាតិល្វីងតិចរបស់ម្រះ កាន់តែឆ្ងាញ់ និងសាកសមសម្រាប់បរិយាកាស និងអាកាសធាតុបច្ចុប្បន្ន។

ហាងស៊ុបម្រះសមុទ្ររីករាយ
ទីតាំង៖ ផ្លូវ 213 នៅខាងក្រោយតុលាការ ជិតស្តាតអូទ្បាំពិច
តម្លៃ៖ ប្រហាក់ប្រហែល 10$/ឈុត
#3 ស៊ុបគោ

រសជាតិមិនជិនណាយ ទោះបីជាធ្លាប់ញ៉ាំច្រើនដងក៏ដោយ។ សួរថា អ្នកណាដែលមិនធ្លាប់ញ៉ាំស៊ុបគោជាមួយក្រុមគ្រួសារនោះ? ហើយតំបន់ដែលល្បីល្បាញសម្រាប់រសជាតិស៊ុបគោនោះមានដូចជា ក្រោយរោងកុនគិរីរម្យ ហាងស៊ុបរស្មីបាយ័ន្ត ជាដើម។

#4 ស៊ុបពងទាកូន
ជារសជាតិស៊ុបមួយប្រភេទដែរ មិនជាខុសពីស៊ុបគោប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលពិសេសនោះគឺ អ្នកទទួលបានរសជាតិពីរ ពីសាច់គោ និង ពងទាកូនដែលស្ងោររួច ទៀតផង។

ហាងស៊ុបពងទាកូន និងសាច់អាំងផ្លូវភ្លោះអូរឬស្សី
ទីតាំង៖ ផ្លូវលេខ 125 ជិះពីផ្លូវភ្លោះអូរឬស្សីមកប្រហែល 20 ម៉ែត្រ
តម្លៃ៖ 10$/ឈុត (ញ៉ាំបានពីរនាក់)
#5 ស៊ុបទ្បុកទ្បុក រឺ សាន់សាន់

អាចថាជាទីតាំងដំបូងគេបង្អស់ ចំពោះមុខជំនួញស៊ុបប្រហិតចង្កាក់នេះ ដែលក្រោយមកក៏មានបន្ថែមនូវគ្រឿងផ្សំកាន់តែច្រើន មានទាំងប្រហិត បន្លែគ្រប់មុខ គ្រឿងសមុទ្រ សាច់គោ ខួរចំហ៊ុយ ពោះគោ ជាដើម។ ដែលអ្នកអាចញ៉ាំ អាចដើរទៅរើសខ្លួនឯងដូចជាញ៉ាំប៊ូហ្វេអញ្ចឹងដែរ។

ស៊ុបទ្បុកទ្បុក
ទីតាំង៖ ៣ ទីតាំងជិតផ្សារសាមគ្គី
តម្លៃ៖ អាស្រ័យតាមគ្រឿងផ្សំដែលអ្នកជ្រើសរើស
ស៊ុបសាន់សាន់
ទីតាំង៖ ទីតាំងទី១ នៅជិតឈូកទិព្វ ទីតាំងទី២ ជិតសាលាអង្គអេង ទីតាំងទី៣ នៅជិតផ្សារទួលទំពូង
តម្លៃ៖ អាស្រ័យតាមគ្រឿងផ្សំដែលអ្នកជ្រើសរើស
#6 ស៊ុបពពែ

មានមិនច្រើនកន្លែងនោះទេ នៅទីក្រុងភ្នំពេញ រសជាតិទៀតសោតក៏មិនជាមានការចូលចិត្តច្រើនដែរ អាចដោយសារតែពពែមិនមែនជាសត្វក្នុងស្រុក ដែលពួកយើងធ្លាប់ទទួលទានជាប្រចាំ។ ប្រសិនបើចង់ភ្លក់រសជាតិ អ្នកក៏អាចសាកបានជាមួយនឹងស៊ុបពពែ 99។
ទីតាំង៖ ផ្ទះលេខ 214A ផ្លូវលេខ 371 កែង 631 ម្តុំច្បារអំពៅ
#7 ស៊ុបព្រុយត្រី Salmon

អស់ពីសាច់គោ គ្រឿងសមុទ្រ រឺសត្វពពែហើយ យើងនៅមានស៊ុបព្រុយត្រីមួយទៀត ដែលអ្នកអាចនឹងចូលចិត្ត។ អាចមកសាកបាននៅហាងស៊ុបព្រុយត្រីនៅទីនេះបាន។
ទីតាំង៖ ផ្លូវលេខ 138 ម្តុំសន្ធរម៉ុក
#8 ស៊ុបខួរ
សម្រាប់អ្នកដែលចេះញ៉ាំខួរជ្រូក ស៊ុបខួរក៏ជាជម្រើសដ៏ល្អក្នុងការកំដៅខ្លួនក្នុងអាកាសធាតុដ៏ត្រជាក់ត្រជុំនេះ។ ដាក់ស៊ុបខួរមួយចាន មានជាតិស្រួលខ្លួនតែម្តង!

ទីតាំង៖ សៀវម៉ៃរាត្រី (ពេលយប់) | Googlemap, បាយតាវែង (ពេលព្រឹក) | Googlemap
តម្លៃ៖ ខុសគ្នាទៅតាមកន្លែង
#9 មីស៊ុប
រឿងមីស៊ុបមួយ ញ៉ាំមិនចេះធុញទេ ញ៉ាំម៉ោងណាក៏ត្រូវ ពេលព្រឹកក៏បាន ថ្ងៃត្រង់ក៏បាន ល្ងាចក៏បាន! តែកន្លែងមីស៊ុបដែលយើងញ៉ាំត្រូវចិត្តនោះ គឺនៅមីខគោសុខមុំ (កុំឃើញឈ្មោះ គិតថាគាត់មានតែខគោណា ស៊ុបធម្មតាក៏មាន ស៊ុបតុងយុាំក៏មាន)។

ទីតាំង៖ នៅលើកែងផ្លូវ 161 ក្រោយវិទ្យាល័យបាក់ទូក | Googlemap និង នៅក្នុង អាហាដ្ឋានរទេះ K63 | Googlemap
តម្លៃ៖ 6000 - 10,000 រៀល
#10 មីស្រុះ - Moss 3
មិនមែនជាស៊ុបនោះទេ ប៉ុន្តែក៏មានលក់មីស្រុះក្តៅៗដែរ ម្យ៉ាងវិញទៀតមិនមែនជាប្រភេទមីស្រុះដែលយើងឆុងញ៉ាំនៅផ្ទះធម្មតាៗនោះទេ គឺជាប្រភេទមីស្រុះហើយ ដាក់ក្នុងទឹកស៊ុបមានជាតិ (រសជាតិដើម និង តុងយ៉ាំ) បន្ថែមជាមួយពងទា និង ប្រហិតសាច់គោធំៗ មួយចានតែ 4500 រៀល តែប៉ុណ្ណោះ។

ទីតាំង៖ នៅជិតអូទ្បាំពិច | Googlemap
Bonus: ស៊ុបក្តាម

តម្លៃសមរម្យ និង មានរសជាតិឆ្ងាញ់ ហ៊ុយៗ ក្តៅៗ ស៊ុបក្តាមពិសេសដែលអ្នកអាចរកទិញបាននៅម្តុំទឹករាំផ្ការាំ ជិតផ្សារអូរឬស្សីនេះឯង។ ក្នុងមួយកំប៉ុង អ្នកនឹងទទួលបានស៊ុបក្តាមសម្រាប់ញ៉ាំល្មមម្នាក់ឯង ពងក្រួច និងស្បែកជ្រូកបំពងនៅខាងលើ។
តម្លៃ៖ 2000 – 3000 រៀល/កំប៉ុង